ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ៖ ប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករា លើកទី៤៧ និងដណ្តើមពានរង្វាន់ ៧មករា លើកទី២៥ ឆ្នាំ២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ការប្រកួតវាយសីពានរង្វាន់៧មករាលើកទី២៥ នៅខេត្តព្រះសីហនុ ធ្វើឡើងថ្ងៃទី១៧–១៨ ខែមករា ឆ្នាំ២០២៦ មាន១០វិញ្ញាសា និងក្លឹប១២ចូលរួម ដោយមានប្រតិភូ និងកីឡាករ កីឡាការិនីសរុប១៩៥រូប។

កីឡារស់ក្នុងសន្តិភាព ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករា លើកទី៤៧ និងដណ្តើមពានរង្វាន់ ៧មករា លើកទី២៥ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ

 លោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុថ្លែងក្នុងពិធីបើកការប្រកួតកីឡាវាយសី ដោយលើកឡើងថា សហព័ន្ធកីឡាវាយសីកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធទំាងអស់ បានរៀបចំការប្រកួតនេះឡើងដើម្បីអបអរសាទរ និងរំលឹកដល់ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ នៃទិវាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សាហាវ យង់ខ្នង សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មី របស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ 

បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាក រាប់ម៉ឺនសែនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗ ពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទកភាពនិងការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គួររំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុតបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គម និងមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ 

 បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានការពារយ៉ាងរឹងមាំនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ សន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។

កីឡាវាយសី គឺជាប្រភេទកីឡាដែលងាយស្រួលលេង ជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់រាងកាយរួមមាន៖ ពង្រឹងកាយសម្បទា . អភិវឌ្ឍសមត្ថភាពដើម្បីទៅលេងកីឡាផ្សេងៗទៀត . ពង្រឹងសុខភាពផ្លូវចិត្ត.ទំនាក់ទំនងក្នុងសង្គម. ល្អសម្រាប់សុខភាពគ្រប់ផ្នែក 

លោកអភិបាលរងខេត្តបានបន្ថែមថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិនោះ ខ្ញុំសូមអំពាវនាវ និងស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងរដ្ឋនិងវិស័យឯកជន យកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ ទាំងផ្នែកបរិមាណ និងគុណភាព ក្នុង គោលបំណងបង្កើនស្មារតីស្រឡាញ់ជាតិ មាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាព នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា ។ 

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងដែរថា ការប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា លើកទី២៥ ឆ្នាំ២០២៦ សហការរៀបចំ ឧបត្ថម្ភដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាប្រភេទកីឡាវាយសី (ថ្ងៃទី១៧ ១៨ ខែមករា ឆ្នាំ២០២៦)ហើយការជួបជុំថ្ងៃនេះមិនត្រឹមតែដើម្បីប្រកួតយកចាញ់ឈ្នះទេជាឱកាស នៃការ បង្ហាញទេពកោសល្យទឹកដៃក្នុងការលេងកីឡាវាយសី និងបង្កើតមិត្តភាពគ្នាកើតចេញពីកីឡា។

ចំពោះការប្រកួតកីឡាវាយសីថ្ងៃនេះគឺមានចំនួន ១០វិញ្ញាសា ហើយមានក្លឹបចំនួន ១២ មកពីរាជធានីខេត្តចូលរួមដែលមាន ប្រតិភូ កីឡាកនិងកីឡាការិនី សរុបទាំងអស់ចំនួន ១៩៥ រូប ៕ 

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…