ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។
ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
តាមរយៈកិច្ចសម្ភាសន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ (BRI)»។ គំនិតផ្តួចផ្តើមនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់ពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយគ្មានការរើសអើង និងបានអំពាវនាវឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។
ទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ «គោលនយោបាយចិនតែមួយ»ផងដែរ៕
ដោយ៖ ចិន្តា ទីទិ



