លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី នាពេលកន្លងមក។
លោកជំទាវបណ្ឌិត មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងនោះ ផ្ទះថ្មីចំនួន ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសារដែលរស់នៅខេត្តត្បូងឃ្មុំ និងផ្ទះថ្មីចំនួន ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារដែលរស់នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមមាន ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់ នឹងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងការពារសន្តិភាពជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា ការផ្តល់មុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ព្រមទាំងការគិតគូរបង្កើតមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីផងដែរ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹក បានត្រឡប់ទៅលំនៅឋានវិញ ព្រមទាំងជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតអាវុធ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
















