ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញថ្លែងបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា លើកទី៤៧ និងដណ្តើមពានរង្វាន់ ៧ មករា លើកទី២៥ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នៅក្លឹប TR ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ការប្រកួតនេះមានក្លឹបចូលរួមសរុបចំនួន ១២ ក្លឹប មានកីឡាករ និងកីឡាការិនីចូលរួមសរុប ១៥៦ នាក់ ប្រកួតក្នុង ១០ វិញ្ញាសា ស្មើនឹង ៧២ មេដាយ និងមានការប្រកួតសរុប ៩៨ ប្រកួត។ លទ្ធផលចំណាត់ថ្នាក់រួមមាន៖ ១. ក្លឹប TR Tope Badminton ២. ក្លឹបវាយសី Connect ៣. ក្លឹបយុវជននគរបាលជាតិ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសហព័ន្ធកីឡាវាយសីកម្ពុជា គណៈកម្មការរៀបចំការប្រកួត ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ធ្វើឲ្យដំណើរការនៃការប្រកួតកីឡាវាយសីប្រព្រឹត្តទៅដោយសុក្រឹតភាព និងទទួលបានលទ្ធផលជាវិជ្ជមាន ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការពង្រឹងគុណភាពវិស័យអប់រំកាយ និងកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ដែលធ្វើជាសេនាធិការ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីក្នុងខេត្ត ឲ្យកាន់តែមានសមត្ថភាព និងថាមពល សម្រាប់ចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះក្នុងព្រឹត្តិការណ៍នានា។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហាត់ប្រាណ និងលេងកីឡា ដោយមិនគិតពីអាយុ ភេទ ឬឋានៈតួនាទី ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតី។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាទស្សនវិស័យថ្មីមួយ សម្រាប់តម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។ ជាពិសេស ការបណ្តុះបណ្តាលថ្នាលយុវជនអាយុក្រោម ១៣ ឆ្នាំ ឲ្យមានសមត្ថភាពខ្ពស់ សម្រាប់ចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ការបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពានរង្វាន់ ៧ មករា ឆ្នាំ២០២៦ បានផ្តល់ឱកាសដល់កីឡាករ និងកីឡាការិនី បង្ហាញទេពកោសល សមត្ថភាព និងវាស់ស្ទង់គុណភាពបច្ចេកទេស ដែលបានហ្វឹកហាត់ពីក្លឹបនីមួយៗ ព្រមទាំងពង្រឹងចំណងមិត្តភាព សាមគ្គីភាពជាតិ និងគុណភាពបច្ចេកទេសកីឡាករកម្ពុជា ក្នុងដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ ការប្រកួតប្រព្រឹត្តទៅដោយរលូន គ្មានសកម្មភាពអវិជ្ជមាន និងឈរលើស្មារតី “កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព” ទោះបីមានឈ្នះ ឬចាញ់ ក៏ជាជោគជ័យសម្រាប់ក្លឹប និងកីឡាករគ្រប់រូប។ ដោយ៖ ប៉ៃ សុឃីម



















