វិបត្តិរវាងកម្ពុជា–ថៃ ត្រូវបានប្រតិបត្តិករវិស័យទេសចរណ៍មើលឃើញថា ជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការពង្រឹងវិស័យទេសចរណ៍របស់ខ្លួនឲ្យកាន់តែរឹងមាំ។ ប្រតិបត្តិករទេសចរណ៍បានឲ្យដឹងថា ជម្លោះដែលកើតឡើងពីអំពើឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជា បានបណ្តាលឲ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ ដែលស្ថានការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានធ្លាក់ចុះប្រមាណជិត ៣០ ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។
បើទោះបីជាយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន នឹងជួយជំរុញឲ្យចំនួនភ្ញៀវទេសចរមកកម្ពុជាកើនឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តពិចារណាលើកលែងទិដ្ឋាការចំពោះប្រទេសគោលដៅផ្សេងទៀត ដូចជាប្រទេសឥណ្ឌា ជាដើម។
លោក អែល សម្ភស្ស អ្នកគ្រប់គ្រងភោជនីយដ្ឋានភូមិទ្រាំង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានឲ្យដឹងថា មុនពេលកើតមានជម្លោះព្រំដែន អាជីវកម្មរបស់លោកមានដំណើរការល្អ ប៉ុន្តែបានធ្លាក់ចុះនៅចុងឆ្នាំ២០២៥ ពោលគឺនៅពេលដែលមានអំពើឈ្លានពានមកលើប្រទេសកម្ពុជា ពីសំណាក់យោធាថៃ។
ចំណែក លោក ឌុច សារ៉េត ដែលជាប្រតិបត្តិករទេសចរណ៍មួយរូបនៅខេត្តសៀមរាប ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែលោកយល់ថា វិបត្តិនេះបានបង្កើតជាកាលានុវត្តភាពថ្មីមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះដែរ លោក សារ៉េត បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ថា ជម្លោះដែលកើតឡើងនេះ បានបង្កើតជាកាលានុវត្តភាពថ្មី សម្រាប់វិស័យទេសចរណ៍ ជាពិសេសការផ្លាស់ប្តូររបៀបធ្វើដំណើររបស់ភ្ញៀវទេសចរ។
លោកបានបញ្ជាក់ថា៖ «ពីមុន ភ្ញៀវទេសចរជ្រើសរើសធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែបច្ចុប្បន្ន ពួកគេបានផ្លាស់ប្តូរមកប្រើប្រាស់ការហោះហើរតាមអាកាស ពីទីក្រុងនានា មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ខណៈដែលព្រលានយន្តហោះធំៗបានដាក់ឲ្យដំណើរការ រួមមាន ព្រលានយន្តហោះអន្តរជាតិសៀមរាប–អង្គរ និងព្រលានយន្តហោះអន្តរជាតិតេជោ (ភ្នំពេញ)»៕ ដោយ៖ ប៉ៃ សុឃីម















