ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥ទីតាំងផ្សេងគ្នា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់បន្ថែមទៀត កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងទាំង៥នេះ រួមមាននៅចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ចំណុចភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ចំណុចភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង ស្ថិតក្នុងសង្តាត់ វាលវង់ ខណ្ឌ៧មករា។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានចាប់យកវត្ថុតាងជាង ១៣០០គ្រឿង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាកចំនួន ៣៣៤ម៉ាស៊ីន ក្បាលជក់ចម្រុះម៉ាកចំនួន ១០៣០ក្បាល និងឃាត់ខ្លួនម្ចាស់ទីតាំងទាំង៥កន្លែង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីបន្តបន្ទាប់គ្នាជាច្រើនកន្លែងនិងដកហូតវត្ថុតាងលើសពី ៣០ម៉ឺនគ្រឿងផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត














