ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តពោធិ៍សាត់៖គ្មានទាហានសៀមចូលកាន់កាប់ឈរជើងនៅស្ពានមេទឹកឡើយ

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលខេត្តពោធិ៍សាត់ច្រានចោលព័ត៌មានថាទាហានថៃកាន់កាប់ស្ពានមេទឹក ដោយថាកំពុងជួសជុលផ្លូវ និងប្រជាពលរដ្ឋជិតស្ពានរស់នៅធម្មតា។

ស្ពានមេទឹកដែលត្រូវបានកម្ទេចដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំង F-16 របស់យោធាសៀម កាលពីអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជារយៈពេល២១ថ្ងៃ  បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ឈរជើងនៅទីនោះឡើយ។ នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី១៩ ខែមករា បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun បង្ហោះចោទប្រកាន់ថា ស្ពានមេទឹកឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ...ដែលជាការផ្សាយព័ត៌មានមិនពិត និងយករូបចាស់មកដាក់ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថា ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់ពួកគាត់វិញ។ ចំណែក កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករាកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងស្ពានស្ទឹងមេទឹក និងតំបន់អូរភ្លុកដំរី, ចំណុច (ច១) និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) ដែលរងផលប៉ះពាល់ដោយសារទាហានសៀមរំលោភឈ្លានពានដោយការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ ព្រមទាំងទីតាំងដែលទាហានសៀមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ពួកគាត់វិញប្រមាណ៩០%ហើយ។ ពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹក ក៏កំពុងរស់នៅជាធម្មតាដែរ ហើយថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ទៀតផង។ ដូច្នេះការចុះផ្សាយព័ត៌មានរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ខាងលើ រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសច្រានចោលទាំងស្រុង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…