ទីតាំងចម្រាញ់ប្រេងមួយកន្លែងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចាប់តាំងពីម៉ោង ៩និង០០នាទីយប់ថ្ងៃទី២០ រហូតដល់ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ទើបក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
បើតាមអធិការនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ក្រុមការងារពន្លត់អគ្គិភ័យបានអន្តរាគមន៍ក្នុងការពន្លត់អគ្គិភ័យខាងលើពេញមួយយប់ពុំបានសម្រាកឡើយ ហើយក៏បានប្រើប្រាស់ទឹកអស់ជាច្រើនរថយន្តផងដែរ ប៉ុន្តែក្រុមការងារពន្លត់អគ្គិភ័យមិនអាចបញ្ជាក់ពីចំនួនបានឡើយ។ តាមសេចក្តីរាយការណ៍ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ ការគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងហើយ។ ក្នុងនោះ គេមិនទាន់អាចវាយតម្លៃអំពីទំហំនៃការខូចខាតបាននៅឡើយទេ។ អគ្គិភ័យនេះដែរ ក៏បណ្តាលឱ្យមានជនជាតិចិនជាម្ចាស់ទីតាំងម្នាក់រងរបួសផងដែរ។ ចំពោះមូលហេតុ គឺបណ្តាលមកពីការបែកបាត់ធុងប្រេងផ្នែកខាងក្រោម។
អធិការស្រុក បានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នោះ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រើប្រាស់រថយន្តជាង ១០គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសរុបជិត១០គ្រឿង។ ដោយឡែក រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៀត ត្រូវបានបញ្ជូនមកពីនាយកដ្ឋានក្រសួងមហាផ្ទៃ៕
ដោយ៖ ង៉ែត ពិសាន្ត














