ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា តវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់ដែលបានកាន់កាប់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងការបរទេសកម្ពុជាបានតវ៉ាជាថ្មីចំពោះសកម្មភាពកងកម្លាំងថៃនៅតំបន់អានសេះ និងបឹងត្រកួន ដោយអំពាវនាវឱ្យអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដូចមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សកម្មភាពទាំងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមាន៖
១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។
២. ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។
៣. ការសាងសង់លេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន។

កម្ពុជា អំពាវនាវឱ្យប្រទេសថៃ អនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវប្រការទាំងអស់ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។

ជាមួយគ្នានេះ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…