ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងវប្បធម៌កម្ពុជាតវ៉ាប្រឆាំងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី

KPS99TV

សេចក្តីសង្ខេប

ក្រសួងវប្បធម៌ថ្ងៃទី២២ មករាប្រកាសតវ៉ាសកម្មភាពថៃនៅតាក្របី រួមទាំងការបំផ្លាញ កាន់កាប់និងសំណង់ ដោយស្នើឱ្យបញ្ឈប់ ហើយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

បើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែមករានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពដ៏គឃ្លើនរបស់ថៃនៅប្រាសាទតាក្របី រួមមានការបាញ់បំផ្លាញ ការឈ្លានពានកាន់កាប់ រួមទាំងការអនុវត្តគម្រោងសាងសង់នានានៅក្នុង និងជុំវិញទីតាំងប្រាសាទដែលស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា។

ក្រសួងវប្បធម៌ បានឱ្យដឹងថា ប្រាសាទតាក្របី ទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង ខណៈប្រាសាទនេះគឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយសា្ថប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ ធ្វើឡើងបន្តពីសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែមករា ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ។ ក្នុងនោះ ក្រសួងវប្បធម៌កម្ពុជា ប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពនៅតំបន់នោះ។

ក្រសួងចាត់ទុកសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ ក្រសួងវប្បធម៌ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។

ជាកត់សម្គាល់៖ ប្រាសាទតាក្របីដែលជាទីសក្ការៈរបស់កម្ពុជា ទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី០៩ ខែធ្នូ និងបន្តទទួលរងការបាញ់កម្ទេចជាថ្មីម្តងទៀតបណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទនេះត្រូវបានបំផ្លាញទាំងស្រុង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…