ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកជំនាញចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ប្រាសាទអង្គរវត្ត

KPS99TV

សេចក្តីសង្ខេប

អាជ្ញាធរជាតិអប្សរាបញ្ជាក់នៅថ្ងៃទី២២ មករាថា ការជួសជុលបណ្ណាល័យខាងជើងជាន់ទី២អង្គរវត្តសម្រេចប្រមាណ៦០ភាគរយ ចាប់ផ្ដើមពីវិច្ឆិកា២០២៥ ហើយគ្រោងបញ្ចប់កុម្ភៈ២០២៦។

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។

អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន ដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យនេះឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើមឡើងវិញ បិទបាយអការពារជម្រាបទឹកចូលទៅក្នុងគ្រឹះបន្តទៀត។ ស្របជាមួយគ្នានេះដែរ ក្រុមការងារអភិរក្សថ្ម ក៏បានប្រើបច្ចេកទេសជួសជុលពង្រឹងផ្នែកថ្ម ដែលពុកផុយឱ្យរឹងមាំឡើងវិញ រួមមាន សសរ ជញ្ជាំង មេទ្វារ និងរូបអប្សរាមួយចំនួន។

បច្ចុប្បន្ននេះ ដំណើរការជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្តសម្រេចបានប្រមាណ៦០ភាគរយហើយ ដែលបានចាប់ផ្ដើមឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…