រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។
ពិធីនេះ ត្រូវបានធ្វើឡើងនៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។
គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។
សូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សម្រួល៖ ចិន្តា ទីទិ





















