ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានចូលរួមប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញ (EIA) លើគម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចសំណល់ រួមមាន រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ របស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឱ្យអង្គប្រជុំទាំងមូល ផ្តោតការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការចាំបាច់នានា ដែលត្រូវដាក់អនុវត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងជៀសមិនផុត។
ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានចូលរួមផ្តល់មតិយោបល់ និងវិធានការការពារ តាមជំនាញរៀងៗខ្លួន ដើម្បីធានាឱ្យគម្រោងអាចដំណើរការទៅមុខបានដោយមានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. មានទុនវិនិយោគសរុបប្រមាណ ១០,៩ លានដុល្លារអាមេរិក ដែលគ្រោងនឹងអនុវត្តការកែច្នៃ និងកម្ទេចសំណល់ រួមមាន រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ នៅក្នុងស្រុក ដោយមិនមានការនាំចូលសំណល់ពីក្រៅប្រទេសឡើយ៕
ដោយ៖ ប៉ៃ សុឃីម













