ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យបន្តកិច្ចសហការក្នុងការស្តារសន្តិសុខទឹកប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ពិសេសការសាងសង់អាងស្តុកទឹកបន្ថែម និងការកែលម្អប្រព័ន្ធនានា ដើម្បីការពារជីវភាពរស់នៅ រក្សាសន្ទុះនៃការអភិវឌ្ឍ និងធានានូវការផ្គត់ផ្គង់ទឹកប្រកបដោយភាពជឿជាក់សម្រាប់សហគមន៍ និងវិស័យផលិតកម្ម។
ការលើកទឹកចិត្តដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំលើកទី៣ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី២២ ខែមករា នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក លើកឡើងថា កិច្ចប្រជុំនាពេលនេះ បង្ហាញពីការផ្លាស់ប្តូរពីការបង្កើនភាពជាដៃគូទៅកាន់ការកំណត់ទិសដៅនៃរបៀបដឹកនាំ ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងការតម្រង់ទិសឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាក្នុងវិស័យធនធានទឹក និងឧតុនិយម ក្រោមយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សម្ពាធនៃការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងតម្រូវការទឹកដែលកំពុងកើនឡើង គឺទាមទារឱ្យមានអភិបាលកិច្ចទឹកតាមបែបសមាហរណកម្ម ការបន្ស៊ាំ និងការសម្របសម្រួលឱ្យកាន់តែប្រសើរជាងមុន។
សូមជម្រាបថា កិច្ចប្រជុំសម្របសម្រួលរវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ បានរៀបចំឡើងចំនួនពីរលើករួចមកហើយ គឺលើកទី១ បានដាក់ចេញនូវវេទិកាដែលមានរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងលើកទី២ ក្នុងឆ្នាំ២០២៤ បានបញ្ជាក់ជាថ្មីថា វិស័យទឹកជាអាទិភាពអភិវឌ្ឍន៍ជាតិក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ បច្ចេកវិទ្យា និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕
ដោយ៖ ង៉ែត ពិសាន្ត
























