ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងអប់រំដាក់បញ្ចូនភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសាដែលគ្រោងសាកល្បងនៅសាលាបឋមចំនួន៧ក្នុងខេត្តរតនគិរី

KPS99TV

សេចក្តីសង្ខេប

ក្រសួងអប់រំនឹងប្រកាសបញ្ចូលភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា ថ្ងៃទី២៧ ខែមករា និងសាកល្បងនៅសាលាបឋម៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស។

ចារ៉ាយ គឺជាភាសាដែលនិយាយដោយជនជាតិចារ៉ាយ នឹងត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់បញ្ចូនឱ្យប្រើប្រាស់នៅក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ខាងមុខ នៅខេត្តរតនគិរី។ ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែម ហើយក៏នឹងដាក់ឱ្យអនុវត្តសាកល្បងនៅសាលាបឋមសិក្សាចំនួន៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាសនៃខេត្តរតនគិរី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ពិធីប្រកាសដាក់បញ្ចូនភាសាចារ៉ាយ នឹងត្រូវធ្វើក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីអប់រំពហុភាសា ត្រូវបានក្រសួងអប់រំដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។

កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជាដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប(EU) អង្គការអេ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា(ICC) អង្គការឃែរកម្ពុជា(CARE) អង្គការ NTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី៣ និងបានផ្ដល់ឱកាសការងារដល់ជនជាតិដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…