ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យបរិស្ថាន៖ គុណភាពខ្យល់ក្នុងប្រទេសកម្ពុជាមិនទាន់រងការបំពុលទេ

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យបរិស្ថានថា អ័ព្ទថ្មីៗបណ្តាលពីការប្រែប្រួលធាតុអាកាស មិនមែនផ្សែងអ័ព្ទពុល ខណៈក្រសួងតាមដានគុណភាពខ្យល់តាម៥៩ទីតាំង។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថាគុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់រងការបំពុល ហើយក៏មិនបានបង្កការបំពុលដល់ប្រទេសជិតខាងនោះដែរ។ លោកបន្ថែមថា ទិដ្ឋភាពចុះអ័ព្ទប៉ុន្មានថ្ងៃមកនេះ កើតចេញពីការប្រែប្រួលអាកាសធាតុ មិនមែនជាផ្សែងអ័ព្ទដែលមានខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។

ក្នុងពិធី «ផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមករា លោក ខ្វៃ អាទិត្យា បានលើកឡើងថា ប្រហែល ១សប្ដាហ៍មកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលមានខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។

ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ចំនួន ៥៩ទីតាំង ក្នុងនោះ រាជធានីភ្នំពេញមាន ១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសមានចំនួន ៤៧ទីតាំង។ មិនត្រឹមប៉ុណ្ណឹងទេ មន្រ្តីជំនាញក្រសួង ក៏បានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណបចំនួន១ ទីតាំង និងបានបញ្ចេញរថយន្តចល័តចំនួន ៣គ្រឿងថែមទៀត ដើម្បីចុះពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសផងដែរ។

លោក ខ្វៃ អាទិត្យា គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «កម្ពុជាមិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ត្រូវបានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។

សូមជម្រាបថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃ មេឃពណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…