ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ញៀវទេសចររាប់ពាន់នាក់សម្រុកមកលេងកម្សាន្តខេត្តព្រះសីហនុតាមផ្លូវទឹកនិងផ្លូវអាកាស

KPS99TV

សេចក្តីសង្ខេប

ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរ១,៩២៧នាក់តាមនាវា WESTERDAM នៅថ្ងៃទី២៣ ខែមករា បន្ទាប់ពីទទួលភ្ញៀវចិន៤៥នាក់តាមជើងហោះហើរត្រង់ពីឆឹងទូ កាលពីថ្ងៃទី២១ ខែមករា។

បន្ទាប់ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបានបន្ថយកម្តៅបន្តិច ភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុបានទទួលស្វាគមន៍ភ្ញៀវទេសចរសរុប ១,៩២៧នាក់ (ស្រី ១០៤០នាក់) ដែលធ្វើដំណើរតាមនាវាទេសចរណ៍ WESTERDAM សញ្ជាតិ Netherland បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ភ្ញៀវទេសចរជិត២ពាន់នាក់នេះ មាន៤០សញ្ជាតិ ក្នុងនោះភ្ញៀវទេសចរដែលមានចំនួនជាងច្រើនគេ គឺសញ្ជាតិអាមេរិក ៩១៧នាក់ កាណាដា ៣១៦នាក់ និងនាវិកចំនួន៨២២នាក់ (ស្រី១៦៣នាក់) ដែលនឹងទៅទស្សនានៅតាមរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។

ចំណែក នៅថ្ងៃទី២១ ខែមករា ថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលមានលោក សាមុត សុធារិទ្ធ ជាអភិបាលរងខេត្ត បានទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិចិនចំនួន៤៥នាក់ ដែលធ្វើដំណើរតាមជើងហោះហើរត្រង់ពីទីក្រុងឆឹងទូមកកាន់ក្រុងព្រះសីហនុ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways។ ការតភ្ជាប់ជើងហោះហើរត្រង់នេះ ត្រូវបានគេមើលឃើញថាផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់ការលើកកម្ពស់ទេសចរណ៍ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ដោយសារក្រុងព្រះសីហនុបម្រើជាច្រកទ្វារទៅកាន់គោលដៅឆ្នេរដ៏ពេញនិយម និងកោះដែលនៅក្បែរៗនោះ។

ដោយឡែក ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៩ ខែមករា បានប្រកាសថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រសួងក៏បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងស្វាគមន៍ភ្ញៀវទេសចរក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…