ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍ និងCHAចាប់ដៃគ្នាពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

KPS99TV

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍ និងសមាគមសណ្ឋាគារកម្ពុជា ពិភាក្សាពង្រឹងភាពជាដៃគូ និងត្រៀមបដិសណ្ឋារកិច្ចសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦។

ការពង្រឹងភាពជាដៃគូរវាងក្រសួងទេសចរណ៍ជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ជាទឡ្ហីករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សេវាកម្មសណ្ឋាគារ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។

បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាលជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ជាមួយ CHA ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសមាជិក សមាជិកា CHA អំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ពីគ្រប់ទិសទីនៃពិភពលោក។

ដូច្នេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំដល់សមាជិក សមាជិកា CHA ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) នៅរាជធានីភ្នំពេញនាពេលខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…