ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្នាំ២០២៥ កម្ពុជានាំចេញផលិតផលដំណាំជិត ១៥ លានតោន ទាញចំណូលជាង ៥ ពាន់លានដុល្លារ

KPS99TV

សេចក្តីសង្ខេប

ក្រសួងកសិកម្មរាយការណ៍ការនាំចេញផលិតផលដំណាំ១៤.៩១០.៤៨០តោនឆ្នាំ២០២៥ កើន២៧,៨៣% ដោយស្រូវ អង្ករ និងដំណាំផ្សេងៗជាចំណែកក្នុងសរុប។

ក្នុងឆ្នាំ២០២៥ កម្ពុជា សម្រេចបានការនាំចេញផលិតផលដំណាំ សរុបជិត ១៥ លានតោន កើនឡើង ២៧,៨៣ ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលអាចបង្កើតចំណូលបានប្រមាណជាង ៥ ពាន់លានដុល្លារ។ លទ្ធផលនេះ បង្ហាញពីសមត្ថភាពផលិតកម្មកសិកម្មរបស់កម្ពុជា ដែលមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ទោះបីស្ថិតក្រោមស្ថានភាពតានតឹងពីភាគីថៃក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ការនាំចេញស្រូវមានចំនួន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥ ភាគរយ ខណៈអង្ករនាំចេញបាន ៩៤០.៣២១ តោន កើនឡើង ៤៥,៥៩ ភាគរយ និងផលិតផលដំណាំក្រៅពីស្រូវ–អង្ករ មានចំនួន ៧.១១០.២២៩ តោន។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក មានចំនួន ៥.០៨៥.៧៨៧ តោន (គិតជាអង្ករ ៣.២៥៤.៩០៤ តោន) ដែលនៅតែអាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងបន្តការនាំចេញទៅកាន់ទីផ្សារបរទេស។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ក្នុងរបាយការណ៍ថា ការនាំចេញផលិតផលដំណាំក្នុងឆ្នាំ២០២៥ មានលទ្ធផលល្អប្រសើរយ៉ាងច្បាស់ ដោយកើនឡើង ២៧,៨៣ ភាគរយ ធៀបនឹងឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី និងសាច់សត្វ នៅតែមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពឈ្លានពានពីភាគីថៃក៏ដោយ ខណៈការនាំចេញផលិតផលកសិកម្ម នៅតែបន្តប្រតិបត្តិការជាធម្មតា៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…