ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមសាយ សំអាល់ឱ្យដាច់ខាតបង្ក្រាប Online Scam និងមិនឱ្យមានរឿងនេះសម្រាប់ខេត្តព្រះសីហនុទេ

KPS99TV

សេចក្តីសង្ខេប

សាយ សំអាល់ជំរុញខេត្តព្រះសីហនុឱ្យបង្ក្រាបឆបោកអនឡាញ ដើម្បីការពារកេរ្តិ៍ឈ្មោះ ហើយអត្ថបទយោងលេខាធិការដ្ឋានអំពីការឃាត់ខ្លួននិងបញ្ជូនជនសង្ស័យទៅតុលាការ។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដាច់ខាតឱ្យអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងសង្ឃឹមថា មិនឱ្យមានរឿងនេះសម្រាប់ខេត្តព្រះសីហនុនោះទេ ដើម្បីកុំឱ្យខូចឈ្មោះនៅលើពិភពលោក។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា៖ «រឿងនេះ (Online Scam) បើយើងមិនដាច់ខាតទេ យើងខូចឈ្មោះនៅលើពិភពលោក ហើយគេនឹងយកលេសនេះមកឃាត់យើង»។ ក្នុងនោះ ឯកឧត្តម បានលើកឧទាហរណ៍ថា៖ សូម្បីតែថៃវាយប្រហារកម្ពុជា ក៏គេយកលេសថា កម្ពុជាជាទីតាំងនៃការប្រព្រឹត្តបទល្មើស Online Scam ដែរ ប៉ុន្តែតាមពិតកម្ពុជារងឥទ្ធិពលនៃព័ត៌មានប៉ុណ្ណោះ ព្រោះគេធ្វើព័ត៌មានអាក្រក់ពីយើង។ ដូច្នេះ បើយើងមិនបោកសម្អាតខ្លួនឯងទេ នោះយើងនឹងមានបញ្ហាដោយសារគេយកលេសធ្វើឱ្យប្រទេសយើងមានចលាចល។

ជុំវិញនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានពន្យល់ថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ បាននិងកំពុងហែលឆ្លងវដ្តសង្សាដែលគ្មាននរណាឆ្លងកាត់ដូចនោះទេ។ ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ កំពុងឆ្លងកាត់នូវបរិបទសង្គមមួយដែលត្រូវបានគេលាបពណ៌អាក្រក់ថា ខេត្តព្រះសីហនុជាទីតាំង និងជាមូលដ្ឋាននៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ចំណុចនេះហើយ ដែលនាំឱ្យកម្ពុជាខូចឈ្មោះហើយថែមទាំងអាចមហន្តរាយទៅថ្ងៃអនាគតទៀត។ ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការងារនេះ យើងបានដោះស្រាយបណ្តើរៗហើយ ហើយឯកឧត្តមសង្ឃឹមថា ទៅថ្ងៃមុខវានឹងចប់មិនឱ្យមានរឿងនេះសម្រាប់ខេត្តព្រះសីហនុឡើយ។    

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជា បានឃាត់ខ្លួនជនបរទេសជិត ៥ ០០០នាក់ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មាន១៦៨នាក់ កំពុងស្ថិតក្នុងសំណុំរឿងធំៗចំនួន ៣៥គឺជាមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិត និងដែលត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។

ប្រទេសកម្ពុជាបានរងនូវការចោទប្រកាន់ពីសំណាក់បរទេស និងអង្គការអន្តរជាតិមួយចំនួនថា បានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ដោយសមត្ថកិច្ចបង្ក្រាបបានតែបទល្មើស និងឧក្រិដ្ឋជនតូចតាចនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) អះអាងថា តាមរយៈជំនួបជាមួយដៃគូអន្តរជាតិនានា និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក កម្ពុជាត្រូវបានកោតសរសើរចំពោះឆន្ទៈច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាត និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលទៅវិញ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…