ព្រះសីហនុ គឺជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនៅទិសនីរតីនៃប្រទេសកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់រហស្សនាមឱ្យជា «តារារះនាទិសនីរតី» និងគ្រោងប្រែក្លាយខេត្តមួយនេះឱ្យទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ ដោយសារព្រះសីហនុ ជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំខេត្តព្រះសីហនុឱ្យធ្វើយ៉ាងណាត្រូវធានាសុវត្ថិភាព សន្តិសុខជូនអ្នកមកទស្សនាឱ្យបានល្អបំផុត។
ការណែនាំដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករានេះ។ ការធានាសុវត្ថិភាព សន្តិសុខជូនភ្ញៀវទេសចរ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា គឺស្ថិតនៅលើកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងជីវពលជាដើម។
សូមជម្រាបថា ភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដែលសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមករា ខេត្តព្រះសីហនុបានស្វាគមន៍ភ្ញៀវទេសចរសរុប ១,៩២៧នាក់ (ស្រី ១០៤០នាក់) ដែលធ្វើដំណើរតាមរយៈនាវាទេសចរណ៍ WESTERDAM សញ្ជាតិ Netherland បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចំណែក កាលពីថ្ងៃទី២១ ខែមករា ខេត្តព្រះសីហនុ បានទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិចិនចំនួន៤៥នាក់ ដែលធ្វើដំណើរតាមជើងហោះហើរត្រង់ពីទីក្រុងឆឹងទូមកកាន់ក្រុងព្រះសីហនុ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ។ ការណ៍នេះ ត្រូវបានគេមើលឃើញថាផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់ការលើកកម្ពស់ទេសចរណ៍ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត









