ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រោគសញ្ញានិងរបៀបបង្កាជំងឺនីប៉ាហ៍

KPS99TV

សេចក្តីសង្ខេប

អត្ថបទរៀបរាប់ការចម្លង រោគសញ្ញា និងវិធីការពារនីប៉ាហ៍ តាមWHO និងCDCកម្ពុជា ហើយថានៅពេលរាយការណ៍ កម្ពុជាមិនទាន់រកឃើញករណីលើមនុស្ស។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសនីប៉ាហ៍ គឺគ្រោះថ្នាក់បំផុតដែលមិនទាន់មានវ៉ាក់សាំងឬការព្យាបាលជាក់លាក់ដែលបានអនុម័តសម្រាប់ជំងឺនេះនៅឡើយទេ ខណៈជំងឺឆ្លងនីប៉ាហ៍កំពុងឆ្លងរាលដាលនៅប្រទេសឥណ្ឌា និងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសផ្សេងៗជាច្រើន។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យស្លាប់បាន។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។

វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០%–៧០% ។

ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរីផងដែរ ជាពិសេសគឺនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឱ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។

ការចម្លងជំងឺនីប៉ាហ៍

មនុស្សអាចឆ្លងមេរោគនីប៉ាហ៍តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។

វិធីបង្កា និងការពារជំងឺនីប៉ាហ៍

លោកអ្នកអាចកាត់បន្ថយការឆ្លងមេរោគតាមរយៈការលាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

រោគសញ្ញានៃជំងឺនីប៉ាហ៍

រោគសញ្ញាជាទូទៅអាចចាប់ផ្តើមក្នុងរយៈពេល ៣ទៅ១៤ថ្ងៃ ក្រោយឆ្លងមេរោគ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ២៤-៤៨ម៉ោង។

សូមជម្រាបថា រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃើញជំងឺ នីប៉ាហ៍ កើតលើមនុស្សនៅឡើយទេ តែ CDC កំពុងយកចិត្តដាក់ធ្វើការតាមដាន និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតនៃជំងឺនេះជាប់ជានិច្ច៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…