អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានកត់សម្គាល់ឃើញថា មកដល់ពេលនេះផ្សារថ្មីពោធិ៍សាត់មិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ ដោយសារអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណៈ បង្កឱ្យមានការកកស្ទះនៅតាមដងផ្លូវ។
បើតាមឯកឧត្តមអភិបាលខេត្ត ចំណុចទាំងនេះហើយ ទាមទាឱ្យមានការរៀបចំរបៀបរាបរយឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាព និងអនាម័យបរិស្ថានល្អ។ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរក្រុង និងអាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងចូលទិញទំនិញផ្សេងៗក្នុងផ្សារ។
ការកត់សម្គាល់ និងណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរជុំវិញផ្សារថ្មីពោធិ៍សាត់។
ក្នុងនោះ ឯកឧត្តម ក៏ណែនាំឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នារៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឱ្យមានការដាក់លក់ទំនិញលើផ្លូវបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញក្នុងផ្សារ។
ចំណែក សមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខ ត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពនៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង-រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារ។ ពិសេស គឺនៅបរិវេណមុខផ្សារធ្វើយ៉ាងណាឱ្យបានស្អាតល្អ និងមានសោភ័ណ្ឌភាព។
អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំអាជីវករឱ្យពួកគាត់ចូលរួមសហការធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុង គណកម្មការផ្សារ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈមនានាដែលកើតមាន ដើម្បីជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត៕
ដោយ៖ ង៉ែត ពិសាន្ត





































