ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្នើឱ្យមានការកំណត់ផែនការមេសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ ដោយផ្តោតលើការរៀបចំក្រុង និងដែនដី នគរូបនីយកម្ម ការកែលម្អឆ្នេរសមុទ្រ ការអភិវឌ្ឍផែទេសចរណ៍ ព្រមទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ឱ្យបានគ្របដណ្តប់ដល់គ្រប់គ្រួសារ និងគ្រប់សហគមន៍ប្រជាជន។
ការលើកឡើងនេះ មានគោលបំណងបង្កើតសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រែក្លាយតំបន់ឆ្នេរ ឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏រឹងមាំ និងមានសក្តានុពលខ្ពស់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តអនុវត្តការងារសំខាន់ៗរួមមាន៖
១. បន្តធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមនៅមូលដ្ឋាន ដោយលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនឱ្យមានក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោះស្រាយវិវាទដីធ្លី សំណង់មិនរៀបរយ ការរៀបចំក្រុង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
២. បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ឱ្យស្របតាមសក្តានុពល និងតម្រូវការទីផ្សារការងារ។
៣. ជំរុញផ្នត់គំនិតសហគ្រិនមូលដ្ឋាន និងគំនិតច្នៃប្រឌិត ក្នុងការបង្កើតមុខរបរ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចមូលដ្ឋាន។
៤. បន្តទាក់ទាញវិនិយោគពីដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការពារ និងថែរក្សាវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអភិវឌ្ឍខេត្តព្រះសីហនុ ប្រកបដោយគំនិតច្នៃប្រឌិត ស្របតាមស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ទោះបីសង្គមជាតិទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រឈម និងវិបត្តិសកលក៏ដោយ៕
ដោយ៖ KPS99TV















