រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញការរួមកម្លាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គឺជាកាលានុវត្តភាពដ៏សមស្របបំផុត សម្រាប់ការខិតខំរួមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតមូលដ្ឋានរឹងមាំ សម្រាប់អនាគតប្រទេសជាតិ។

សម្តេចបានលើកឡើងថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា ការរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ការធានាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ព្រមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស កិត្យានុភាព និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ កាន់តែត្រូវបានទទួលស្គាល់ និងលើកកម្ពស់យ៉ាងច្បាស់លាស់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តស្វាយរៀង នាពេលកន្លងមកថ្មីៗនេះ។

ក្នុងឱកាសនោះ សម្តេចបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាគន្លឹះដល់ការអនុវត្តការងាររបស់មន្ត្រីសង្ឃ និងស្ថាប័នពាក់ព័ន្ធ រួមមាន៖

ទី១) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តសង្ឃប្រកាស និងសេចក្តីសម្រេចនានា ដែលបានកំណត់ដោយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងពង្រឹងសមត្ថភាព និងគុណវុឌ្ឍិ តាមរយៈប្រព័ន្ធសង្ឃភិបាល។

ទី២) គ្រប់ភាគីពាក់ព័ន្ធ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ដើម្បីសហការជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ទី៣) គណៈសង្ឃខេត្ត និងសាសនាផ្សេងៗ ត្រូវបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរធម្មការ និងសាសនា ដើម្បីបំពេញភារកិច្ចសាសនា និងសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងបរិយាកាសយោគយល់ និងអធ្យាស្រ័យគ្នា។

ទី៤) បន្តយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសាលាពុទ្ធិកសិក្សា និងថ្នាក់ធម្មវិន័យ នៅក្នុងខេត្តស្វាយរៀង ឱ្យក្លាយជាមូលដ្ឋានសំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលមានចំណេះដឹងទាំងផ្នែកព្រះធម៌ ភាសាបាលី–សំស្ក្រឹត និងចំណេះដឹងទូទៅ។

ទី៥) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចជា ការអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈ ការជួយឧបត្ថម្ភជនរងគ្រោះ និងការចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរយោធានៅតាមព្រំដែនកម្ពុជា–ថៃ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដោយការលះបង់ដើម្បីជាតិ និងសាសនា។

ពិធីនេះ មានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង រួមមាន លោកជំទាវ ដួង វណ្ណា ឯកឧត្តមបណ្ឌិត សម តារា ឯកឧត្តមបណ្ឌិត ជ័យ សុន និងលោកជំទាវ ឯក សុវណ្ណភារៈ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…