ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រៀបចំអនាគតទេសចរណ៍រួមគ្នា (Navigating Our Future, Together)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូសហប្រតិបត្តិការសំខាន់ៗ រួមមាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានមួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន–ជប៉ុន–កូរ៉េ) លើកទី២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន–ឥណ្ឌា លើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន–រុស្ស៊ី លើកទី៥។ កិច្ចប្រជុំនានា នឹងពិនិត្យវឌ្ឍនភាពការងារ កំណត់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ និងអនុម័តលើឯកសារសំខាន់ៗ ជាពិសេស ផែនការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦–២០៣០។
ជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសចូលរួមវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវិស័យទេសចរណ៍ នៃប្រទេសសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជា នឹងទទួលបានជ័យលាភី រង្វាន់ទេសចរណ៍អាស៊ាន ចំនួន ៦ ប្រភេទ រួមមាន៖ រង្វាន់ទីក្រុងស្អាតអាស៊ាន ចំនួន ៥ រង្វាន់សណ្ឋាគារបៃតងអាស៊ាន ចំនួន ៥ រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន ចំនួន ២ រង្វាន់ស្តង់ដា MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ ចំនួន ៥ រង្វាន់ស្តង់ដា MICE អាស៊ាន ប្រភេទសាលពិព័រណ៍ ចំនួន ៥ និងរង្វាន់ស្តង់ដា MICE អាស៊ាន ប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន ៥។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍នឹងដឹកនាំវិស័យឯកជន និងប្រតិបត្តិករទេសចរណ៍កម្ពុជា ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដែលរំពឹងថានឹងមានប្រតិភូចូលរួមប្រមាណ ៨៥០នាក់ តំណាងសារព័ត៌មានប្រមាណ១០០ស្ថាប័ន ស្តង់ពិព័រណ៍ចំនួន៣៥០ និងក្រុមហ៊ុនអ្នកលក់ (Sellers) ប្រមាណ ២៥០ក្រុមហ៊ុន។
ដោយ៖ KPS99TV



