ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ៖ ការចូលចតនាវាកងទ័ពជើងទឹកអាមេរិក បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា–សហរដ្ឋអាមេរិក

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អភិបាលខេត្ត ម៉ាង ស៊ីណេត ទទួលមេបញ្ជាការ USS Cincinnati ថ្ងៃទី២៦ មករា ដោយលើកឡើងពីទំនាក់ទំនងកម្ពុជា–អាមេរិក និងសក្ដានុពលអភិវឌ្ឍខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបទី៧៦ នៃការបង្កើតទំនាក់ទំនងការទូតផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ក៏មាននាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរួចមកហើយ ដែលបានចូលរួមរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ប្រសាសន៍ដូចនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ទទួលជួបសម្តែងការគួរសមជាមួយលោក Andrew J. Recame មេបញ្ជាការនាវា និងជាប្រធានក្រុមនាវិក នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Cincinnati (LCS-20) នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេបញ្ជាការនាវា និងប្រតិភូ ដែលបានអញ្ជើញមកចូលចតនាវានៅលើទឹកដីខេត្តព្រះសីហនុ ព្រមទាំងបានណែនាំអំពីសក្តានុពលភូមិសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដែលមានប្រព័ន្ធដឹកជញ្ជូនពេញលេញ រួមមាន ផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿន។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយរៀបចំផែនការមេអភិវឌ្ឍន៍ចែកចេញជា ៤ តំបន់ រួមមាន តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម ទីក្រុងសមាហរណកម្ម តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់កសិកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុរហូតដល់ឆ្នាំ២០៣០ ឱ្យមានជម្រៅទឹក ១៧,៥ ម៉ែត្រ ដើម្បីអាចទទួលនាវាតូចធំគ្រប់ប្រភេទ និងជំរុញពាណិជ្ជកម្មអន្តរជាតិ។

ជាបន្ថែម ខេត្តព្រះសីហនុ មានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិក ដូចជាការសាងសង់ផ្លូវជាតិលេខ៤ កាលពីឆ្នាំ១៩៥៥ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦០ ក៏ដូចជាផ្លូវ John F. Kennedy តាមបណ្តោយឆ្នេរសមុទ្រ និងសកម្មភាពមនុស្សធម៌នានា ដែលនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកធ្លាប់អនុវត្តជាមួយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបង្ហាញក្តីសង្ឃឹមថា ការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាម នាពេលនេះ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងនៅពេលខាងមុខ។

ជាការឆ្លើយតប លោក Andrew J. Recame មេបញ្ជាការនាវា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តព្រះសីហនុ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការផ្លូវសមុទ្ររវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈក្របខណ្ឌអាស៊ាន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងនាវិកកងទ័ពជើងទឹកទាំងពីរ។

លោកមេបញ្ជាការនាវា ក៏បានលើកឡើងថា ក្រុមនាវិកបានធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទេសភាពឆ្នេរសមុទ្រស្រស់ស្អាត និងការស្វាគមន៍របស់ប្រជាពលរដ្ឋ ដែលជាអត្ថប្រយោជន៍ដ៏មានន័យសម្រាប់ការបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យលោកមេបញ្ជាការនាវា និងសហការី ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅដល់ប្រជាពលរដ្ឋ និងវិនិយោគិនសហរដ្ឋអាមេរិក ឲ្យមកវិនិយោគ និងទស្សនកិច្ចកាន់តែច្រើន៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…