ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះតួនាទី ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន

KPS99TV

សេចក្តីសង្ខេប

ប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី Santo Darmosumarto ជួបជម្រាបលាថ្ងៃទី២៦ មករា ដោយវាយតម្លៃការពង្រឹងទំនាក់ទំនងទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមករានេះ បានអនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដមក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្ដម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យមានភាពរីកចម្រើន។

ទន្ទឹមគ្នានេះ ឯកឧត្ដមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្ដម បានជួបជម្រាបលានាឱកាសនេះ។ ឯកឧត្ដមបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្ដមបញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្ដមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…