ថ្ងៃទី២៧ មករា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបកស្រាយតាមបណ្ដាញសង្គមអំពីការចូលរួមក្រុមប្រឹក្សាសន្តិភាព ដោយឆ្លើយតបនឹងសំណួរសាធារណៈអំពីថ្លៃចូលរួមខ្ពស់ និងបំភ្លឺការយល់ច្រឡំ។
សម្តេចថា កម្ពុជាជាសមាជិកស្ថាបនិកមិនត្រូវបង់ថ្លៃសមាជិកណាមួយក្នុងអាណត្តិដំបូង៣ឆ្នាំទេ។ ថ្លៃ១ពាន់លានដុល្លារដែលគេលើកឡើង អនុវត្តតែចំពោះប្រទេសស្នើចូលជាសមាជិកអចិន្ត្រៃយ៍ ហើយមិនអនុវត្តចំពោះប្រភេទសមាជិកភាពបច្ចុប្បន្នរបស់កម្ពុជាទេ។
សម្តេចបញ្ជាក់ថា ការចូលរួមនេះបង្ហាញជំហររឹងមាំរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាព និងចូលរួមអភិបាលកិច្ចសន្តិភាពពិភពលោក ស្របនឹងនយោបាយសន្តិភាពយូរអង្វែង។ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពទៅប្រទេសជាច្រើនក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិអស់ជាច្រើនឆ្នាំ ដោយចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការអន្តរជាតិ ហើយសម្តេចថាការចូលរួមនេះនឹងពង្រឹងការចូលរួម និងឥទ្ធិពលកម្ពុជាក្នុងកិច្ចការសន្តិភាពពិភពលោក។







