នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ព្រមទាំងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់ប្រចាំខែមករា របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ក្រោមប្រធានបទ «ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម» ដែលប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល អ.ស.ប. នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់លើបញ្ហាសំខាន់ចំនួនបី ដូចខាងក្រោម៖
ទីមួយ ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការអនុវត្តផ្ទុយពីនេះ ត្រូវចាត់ទុកថា ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់។
ទីពីរ ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវគោរព និងអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈ តុលាការយុត្តិធម៌អន្តរជាតិ ដែលត្រូវបានចាត់ទុកថា ជាយន្តការដែលអាចទុកចិត្តបាន និងអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិកទាំងអស់។
ទីបី ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំដ៏សំខាន់ និងមិនអាចបំបែកចេញពីនីតិរដ្ឋអន្តរជាតិបានឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា អំពើរំលោភបំពានលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ ព្រមទាំងការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ សុទ្ធសឹងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ ដោយ៖ KPS99TV









