ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមក ស្ថាប័នបានទទួលបណ្ដឹង និងការសាកសួរព័ត៌មានសរុបចំនួន ៧២១ ករណី។ ក្នុងចំណោមនោះ បណ្ដឹងចំនួន ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ បណ្ដឹងចំនួន ១២ ករណី កំពុងស្ថិតក្នុងដំណើរការដោះស្រាយ ខណៈដែលបណ្ដឹងចំនួន ២៦ ករណី ផ្សេងទៀត ស្ថិតក្នុងនីតិវិធីតុលាការ។
បណ្ដឹង និងការសាកសួរព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗ រួមមាន៖ ការពិន័យលើការបង់ផ្តាច់ឥណទានមុនកាលកំណត់ ការស្នើសុំរៀបចំឥណទានឡើងវិញ កម្ចីខុសច្បាប់ ការឆបោកផ្នែកហិរញ្ញវត្ថុ ការស្នើសុំអនុគ្រោះលក្ខខណ្ឌទូទាត់ ការស្នើសុំដំណើរការគណនីដែលត្រូវបានបង្កក ការដកប្រាក់បញ្ញើពីគ្រឹះស្ថានដែលត្រូវបានដកហូតអាជ្ញាប័ណ្ណ ការស្នើសុំកែតម្រូវព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងការយឺតយ៉ាវក្នុងការដកទ្រព្យធានា។
ជាក់ស្តែង បន្ទាប់ពី ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងជូនសាធារណជន ឲ្យបានជ្រាបថា ស្ថាប័នបានតែងតាំង ក្រុមហ៊ុន Morisonkak MKA Audit-Accounting Co., Ltd ជាអ្នកជម្រះបញ្ជីរបស់ធនាគារព្រីនស៍ ម.ក។
ក្រុមហ៊ុនខាងលើ នឹងទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក អាចដកប្រាក់បញ្ញើបានតាមនីតិវិធី ដោយត្រូវរៀបចំឯកសារពាក់ព័ន្ធ ដែលនឹងត្រូវចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ អ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក ត្រូវបន្តបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនជាប្រក្រតី។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ កន្លងមក ស្ថាប័នបានជួបប្រជុំជាបន្តបន្ទាប់ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីស្ថានភាពអាជីវកម្ម គុណភាពឥណទាន ការដោះស្រាយឥណទានមិនដំណើរការ យុទ្ធសាស្ត្រអាជីវកម្ម និងស្ថានភាពឥណទានក្នុងវិស័យអចលនទ្រព្យជាដើម។
លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដល់ទីកន្លែងលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៨ គ្រឹះស្ថាន ដោយផ្តោតលើការវាយតម្លៃគុណភាពឥណទាន ការធ្វើចំណាត់ថ្នាក់ឥណទាន ការធ្វើសំវិធានធនលើឥណទានមិនដំណើរការ ការរៀបចំឥណទានឡើងវិញ ការអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ ការអនុវត្តតាមអនុសាសន៍ដែលបានដាក់ចេញ ព្រមទាំងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕ ដោយ៖ KPS99TV







