អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមករាម្សិលមិញ បានចេញសេចក្ដីបំភ្លឺឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងដំណើរការផ្លូវច្បាប់និងការបណ្ដេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនដែលជាប្រទេសដើមកំណើតរបស់ខ្លួនវិញ ដោយក្រសួងបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាគឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្ដេជ្ញាចិត្តរបស់ កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥) ជាពិសេសមាត្រា២៩ថ្មី កថាខណ្ឌទី៤ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) មាត្រា៥២ - កថាខណ្ឌទី៤។ ផ្អែកលើមាត្រាទាំងពីរនេះ ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើងប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្ដល់ព័ត៌មានមិនពិត ក្នុងអំឡុង ពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។
ចំណែក ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុសដោយគ្មានមូលដ្ឋាននោះឡើយ។
មិនតែប៉ុណ្ណោះ ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជានៅតែមានភាពរឹងមាំ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។ ការអនុវត្តច្បាប់ម៉ឹងម៉ាត់បែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា លោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកនិងជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប រួមទាំងជនជាតិចិនចំនួនពីររូបផ្សេងទៀតគឺលោក ស៊ូ ជី លាំង (Xu Ji Liang) និងលោក សៅ ជី ហ៊ុយ (Shao Ji Hui) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនរួចដកសញ្ជាតិខ្មែរបញ្ជូនទៅប្រទេសចិន កាលពីថ្ងៃទី០៦ ខែមករា ផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
លោក ចេន ហ្ស៊ី មានអាយុ ៣៩ឆ្នាំ ត្រូវបានតុលាការសហរដ្ឋអាមេរិកចោទប្រកាន់ពីបទគប់គិតបោកប្រាស់ជាប្រព័ន្ធ និងគប់គិតលាងលុយកខ្វក់។ កាលពីអំឡុងខែវិច្ឆិកាឆ្នាំមុន អាជ្ញាធរហុងកុងនិងតៃវ៉ាន់ បានបង្កកទ្រព្យសម្បត្តិជាង ៥០០លានដុល្លារអាមេរិក ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដោយមានការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអ៊ីនធើណេតឆ្លងដែនអន្តរជាតិ និងជាប់ពាក់ព័ន្ធសកម្មភាពលាងលុយកខ្វក់៕
ដោយ៖ ង៉ែត ពិសាន្ត








