ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុប្តេជ្ញាបន្តដោះស្រាយទំនាសដីធ្លីនិងជំរុញចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់

KPS99TV

សេចក្តីសង្ខេប

អភិបាលខេត្តប្ដេជ្ញាបន្តដោះស្រាយវិវាទដីនិងពន្លឿនប័ណ្ណ។ ឆ្នាំ២០២៥ទទួលបណ្ដឹងនិងសំណើ៤៦៨ករណី ហើយបានចែកប័ណ្ណដីដល់ប្រជាពលរដ្ឋ១០០៩៤៤ប័ណ្ណ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសប្តេជ្ញាបន្តខិតខំដោះស្រាយទំនាស់ដីធ្លី បញ្ហាសំណង់មិនរៀបរយ និងជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ការប្រកាសប្តេជ្ញារបស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងនៅចំពោះមុខឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។

ពាក់ព័ន្ធនឹងករណីដោះស្រាយវិវាទដីធ្លី បើតាមឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ដោយមិនមានការរើសអើង ប្រកាន់បក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។

ជាក់ស្តែង ក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹង និងសំណើរផ្សេងៗសរុបចំនួន ៤៦៨ករណី។ ក្នុងនោះ បានដោះស្រាយនិងសម្របសម្រួល ៣៧ករណីបញ្ជូនទៅស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច ៨៧ករណី, ឆ្លើយតបទៅម្ចាស់សំណើរ ១២២ករណី, ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ១៤ករណី, រក្សាទុកជាសំណុំឯកសារចំនួន ៩៤ករណី, សំណើផ្សេងៗ៧៤ករណី និងកំពុងស្រាវជ្រាវ សម្របសម្រួលដោះស្រាយបន្តចំនួន ៤០ករណី។

បន្ថែមពីនេះ ខេត្តព្រះសីហនុ បានប្រកាសតំបន់ធ្វើការវិនិឆ្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅគ្រប់ភូមិទាំង១១១ទូទាំងខេត្ត។ ក្នុងនោះ វាស់វែងក្បាលដីបាន ១៤៨,៥៤៥ក្បាលដី និងបានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ១០០,៩៤៤ប័ណ្ណ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…