ខេត្តកោះកុង៖ ដើម្បីធានាឱ្យការគ្រប់គ្រងស្តុកត្រីកាម៉ុងមាននិរន្តភាព និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យមានភាពល្អប្រសើរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ព្រមទាំងការពារ អភិរក្ស និងប្រើប្រាស់ធនធានត្រីកាម៉ុងប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ។
រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ មានផែនទីស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង។ ដូច្នេះ សូមប្រជានេសាទទាំងអស់មេត្តាជ្រាបថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១,២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ជាដាច់ខាត។
ប្រជានេសាទទាំងអស់អាចបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតកំណត់រយៈពេលនៃការបិទការនេសាទនេះ។ ក្នុងករណីប្រជានេសាទមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
ដោយ៖ ប៉ៃ សុឃីម



