សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចាត់ទុកសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE) ជាអាទិភាព និងបន្តជំរុញ និងពង្រឹងចំណាត់ការលើសំណុំរឿងនេះឱ្យបានម៉ឺងម៉ាត់ និងឆាប់រហ័សបំផុត។
ការប្តេជ្ញាបែបនេះរបស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្ដពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ និងធានាបាននូវគុណភាពនៃយុត្តិធម៌។
អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គសន្និបាត បានសម្រេចកំណត់ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៦ ដោយប្តេជ្ញាបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៃយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ ដោយសកម្ម និងបុរេសកម្ម ជាមួយនឹងការបន្តជំរុញ និងពង្រឹងចំណាត់ការលើសំណុំរឿងអាទិភាពទាំងបួន (គ្រឿងញៀន, ចរាចរណ៍, អត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង) ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE) ឱ្យបានម៉ឺងម៉ាត់ និងឆាប់រហ័សបំផុត ព្រមទាំងបន្ដដោះស្រាយរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណីផ្សេងៗទៀត ឱ្យបានឆាប់រហ័ស និងធានាបាននូវគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ ប្តេជ្ញាជំរុញពន្លឿនការដោះស្រាយក្តី ដោយងាកទៅរកយន្តការអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធ, ប្រើប្រាស់យន្តការផ្សះផ្សាសម្របសម្រួលឱ្យបានច្រើន និងផ្ទេរសំណុំរឿងទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ប្រសិនបើពុំមែនជាសមត្ថកិច្ចតុលាការ និងពង្រឹងមុខងារក្រឡាបញ្ជី ដោយត្រូវបំពេញតួនាទី តាមវិជ្ជាជីវៈ និងយកចិត្តទុកចិត្តដោយស្មារតីបុរេសកម្ម ការបញ្ជាក់ស្ថាពរអោយបានត្រឹមត្រូវ, តាមដានការឃុំខ្លួនលើស, ការថតចម្លងសំណុំរឿងជូនមេធាវី, ការទុកដាក់ ថែរក្សាសំណុំរឿង។
ចំណុចសំខានមួយទៀត សាលាដំបូងខេត្តព្រះសីហនុ កំណត់បន្តពង្រឹងការងារដ្ឋបាល ការទំនាក់ទំនងសាធារណៈ ដោយធ្វើការពិនិត្យឯកសារឱ្យបានត្រឹមត្រូវ ការចរាចរឯកសារពីការិយាល័យ១ទៅការិយាល័យ១។ ការប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យជាមន្រ្តីរាជការ សេចក្តីថ្លៃថ្នូ គោរពបទបញ្ជាផ្ទៃក្នុង។ ការរៀបចំរបាយការណ៍នានាឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ស្របតាមការកំណត់របស់ក្រសួងយុត្តិធម៌។ ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអង្គភាព នឹងត្រូវពង្រឹងឱ្យបានខ្ជាប់ខ្ជាប់ និងស្មារតីប្រុងប្រយ័ត្នខ្ពស់៕
ដោយ៖ ង៉ែត ពិសាន្ត
















