នាវាទេសចរណ៍អន្តរជាតិ REGATTA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បង្កើនភាពរស់រវើកដល់វិស័យទេសចរណ៍ក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរ ចំនួន ៦៤១នាក់ មកពី ២៣សញ្ជាតិ និងនាវិក ចំនួន ៣៩៦នាក់ មកពី ៤៣សញ្ជាតិ ដែលបានចុះពីនាវាទេសចរណ៍ REGATTA។
នាវាទេសចរណ៍ REGATTA មានបណ្តោយប្រវែង ១៨០.៤៥ម៉ែត្រ ទទឹង ២៥.៤៦ម៉ែត្រ និងជម្រៅ ៦ម៉ែត្រ។ ក្នុងឱកាសនេះ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានណែនាំ និងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍សក្តានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនដល់ភ្ញៀវអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់ អំពីសម្រស់ធម្មជាតិ វប្បធម៌ និងភាពអំណោយផលនៃការធ្វើទេសចរណ៍នៅកម្ពុជា។
ដោយ៖ KPS99TV









