ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ស្វាគមន៍ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន Syed Yusuf Raza Gillani មកបំពេញទស្សនកិច្ចផ្លូវការថ្ងៃទី២–៥ ខែកុម្ភៈ ដោយមានគម្រោងចូលគាល់ព្រះមហាក្សត្រ និងជួបថ្នាក់ដឹកនាំកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងថា កម្ពុជាស្វាគមន៍លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញជួបទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជួបសម្ដែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ 

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…