ក្រសួងរៀបចំដែនដី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ចាកចេញទៅស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ។
ការអំពាវនាវឱ្យពលរដ្ឋចាកចេញពីអគារនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រុមការងារជំនាញបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើ ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ក្នុងនោះ ស្រទាប់បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹមកម្រាលខណ្ឌនិងសសរបានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា“សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ” ។
“អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រសួងថា ក្រុមការងារនឹងចាប់ផ្តើមអនុវត្តការងារតម្លើង ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះអគារនេះ នៅថ្ងៃទី០២ ខែកុម្ភៈ។ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ ហើយធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ៕
ដោយ៖ ង៉ែត ពិសាន្ត


