ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរទុកពេល៧ថ្ងៃឱ្យអាជីវករលក់ដូរនៅសាលាបឋមសិក្សាស្ទឹងមានជ័យរុះរើតូបចេញ

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ទុក៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី២ កុម្ភៈ ឱ្យអាជីវករតាមផ្លូវមុន្នីរ៉េតនិងមុខសាលាបឋមសិក្សាស្ទឹងមានជ័យរុះរើការរំលោភដីចំណីផ្លូវ។

ដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួមអនុវត្តរក្សាបាននូវសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈឱ្យទីក្រុងស្អាត និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ បានដាក់ចេញវិធានការទុកពេល៧ថ្ងៃឱ្យអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវមុន្នីរ៉េត និងនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យរុះរើសំណង់ តូប ស្លាកប៉ាណូ និងសម្ភារៈចេញដោយខ្លួនឯង។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ នៅថ្ងៃទី០២ ខែកុម្ភៈ បានបញ្ជាក់ថា អាជីវករលក់ដូរនៅតាមបណ្តាផ្លូវមុន្នីរ៉េត និងមុខសាលាបឋមសិក្សាស្ទឹងមានជ័យ សូមបញ្ឈប់ការលក់ដូររំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំងឬម្ចាស់តូបហាមមិនអនុញ្ញាតឱ្យដាក់តាំងលក់ប៉ះពាល់ផ្លូវសាធារណៈឡើយ។ ដូច្នេះសូមអាជីវករធ្វើការរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និងទំនិញផ្សេងៗចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បញ្ជាក់បន្ថែមថា ក្នុងករណីមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈដែលមាននៅលើទីតាំងខាងលើនេះឡើយ។

យ៉ាងណា កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…