គម្រោងកសាងផ្លូវក្រវាត់ព្រំដែនដែលអនុវត្តដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានសម្រេចវឌ្ឍនភាពសរុបប្រមាណ ៧២,២៩% ក្នុងរយៈពេលប្រមាណ ១៣ខែ ពោលគិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ខណៈការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានអនុវត្តសម្រេចស្ទើរតែទាំងស្រុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ។
លទ្ធផលដែលសម្រេចបានជាង៧២ភាគរយនេះ មាននៅខេត្តមណ្ឌលគិរី សម្រេចវឌ្ឍនភាពកសាងផ្លូវក្រវាត់ព្រំដែនបាន៩១,២% ខណៈខេត្តរតនគិរី សម្រេចបាន៥១,៨១%។ ខេត្តរតនគិរីសម្រេចលទ្ធផលបានទាប ដោយសារស្ថានភាពភូមិសាស្ត្រមានភាពលំបាកជាង។ ពាក់ព័ន្ធការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់សាងសង់ ត្រូវបានសម្រេច ៩៦,៦៤ភាគរយស្ទើតែបញ្ចប់ទាំងស្រុង។
ចំណែក ផ្នែកសំណង់សិល្បការ ក្រុមការងារបានកសាងសម្រេចជាស្ថាពរលូប្រអប់ចំនួន ២៦កន្លែង ស្មើនឹង ២៦៥,៨០ម៉ែត្រ ដាក់លូមូលបេតុងគ្រប់ប្រភេទចំនួន ២៤៤កន្លែង ស្ថាបនាថ្នល់ និងទំនប់បេតុងបង្រៀររក្សាទឹកទុកប្រើប្រាស់សរុប ១១កន្លែង ព្រមទាំងស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង១៨ម៉ែត្រ។
វឌ្ឍនភាពនេះ បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានសបញ្ជាក់ឱ្យឃើញថា នេះជាស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងផ្លូវតាមព្រំដែនឱ្យបានត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងស្មារតីសន្សំសំចៃខ្ពស់។ ទន្ទឹមគ្នានេះ ក្រុមការងារក៏នឹងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹកក្នុងខេត្តមណ្ឌលគិរីឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ខាងមុខ ខណៈការងារនៅខេត្តរតនគិរី ក៏នឹងពន្លឿនបន្ថែមដោយផ្តោតលើតំបន់មានភូមិសាស្ត្រលំបាកផងដែរ។
សូមជម្រាបថា ការអនុវត្តគម្រោងនេះ ក្រុមការងារបានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨កងឯកភាព ដោយប្រើប្រាស់រថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទសរុបចំនួន ២៨៦គ្រឿង។ ក្នុងនោះ ខេត្តមណ្ឌលគិរី មាន ៥កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ៨៦គ្រឿង៕
ដោយ៖ ង៉ែត ពិសាន្ត






