ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ ភូមិជោគជ័យ និងតំបន់បឹងត្រកួន បន្តរស់នៅក្នុងជំរំ ខណៈការវិលត្រឡប់ទៅលំនៅឋាននៅមិនទាន់អាចធ្វើទៅបាន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ពលរដ្ឋនៅព្រៃចាន់ ជោគជ័យ និងបឹងត្រកួនបន្តនៅជំរំ ខណៈតំបន់ក្រហមហាមត្រឡប់ដោយហានិភ័យ ហើយខេត្តកំពុងសង់ជម្រកមុនរដូវភ្លៀង។

ពលរដ្ឋភៀសសឹកនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន បន្តស្នាក់នៅក្នុងស្ថានភាពលំបាក ប្រឈមនឹងភ្លៀង ខ្យល់ និងកម្តៅថ្ងៃ ខណៈក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញ ហាក់នៅសែនឆ្ងាយ។ ក្រោយពីមានបទឈប់បាញ់ ពលរដ្ឋនៅតំបន់ស និងតំបន់លឿង ភាគច្រើនបានវិលត្រឡប់ទៅលំនៅឋានវិញដោយឡែក ពលរដ្ឋដែលរស់នៅតំបន់ក្រហម ត្រូវអាជ្ញាធរហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យត្រឡប់ទៅលំនៅឋានវិញឡើយ ដោយសារតែមានហានិភ័យគ្រោះថ្នាក់ខ្ពស់ដូចជា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាយប៉ាយពាសពេញដី ការគំរាមកំហែងពីកម្លាំងយោធាថៃ ហើយផ្ទះសំបែងរបស់ពលរដ្ឋក៏ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ លើសពីនេះដី និងលំនៅឋានមួយចំនួនធំ ត្រូវបានយោធាថៃហ៊ុមព័ទ្ធដោយលួសបន្លា និងឃាំងទូកុងតឺន័រ ដែលជាការបំពានច្បាប់អន្តរជាតិ។

ជាក់ស្តែង នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ពលរដ្ឋមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបានឡើយ ដោយត្រូវបន្តរស់នៅក្រោមដំបូលតង់តូចចង្អៀត ក្នុងទីធ្លាវត្តអារាម ដែលមិនអាចការពារពួកគាត់ពីភ្លៀង ខ្យល់ ឬកម្តៅថ្ងៃបានយ៉ាងពេញលេញ។

ទោះបីជាការស្នាក់នៅទីនោះមានការផ្គត់ផ្គង់អាហារគ្រប់គ្រាន់ មានទឹកស្អាតប្រើប្រាស់ មានសេវាថែទាំសុខភាព និងកន្លែងសិក្សាសម្រាប់កូនៗ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក៏ដោយ ប៉ុន្តែជីវភាពរស់នៅមិនអាចប្រៀបធៀបបាននឹងការរស់នៅក្នុងផ្ទះសំបែងរបស់ពួកគាត់ ដែលធ្លាប់មានសុខសាន្តមុនពេលការឈ្លានពានរបស់យោធាថៃឡើយ។ បច្ចុប្បន្ន ផ្ទះសំបែងទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរតែមិននៅសល់អ្វីឡើយ។

ស្ថានភាពនេះ បានធ្វើឲ្យពលរដ្ឋភៀសសឹកជាច្រើន មានសភាពផ្លូវចិត្តមិនសូវល្អ ជាពិសេសមនុស្សវ័យចាស់ ដែលត្រូវរស់នៅជាមួយជំងឺ និងប្រឈមនឹងហានិភ័យឆ្លងជំងឺពីមួយទៅមួយក្នុងជំរំភៀសសឹក ព្រមទាំងការព្រួយបារម្ភយ៉ាងខ្លាំងថា តើពេលណាទើបពួកគាត់អាចវិលត្រឡប់ទៅរស់នៅលំនៅឋានដូចដើមវិញបាន។ សំណួរនេះ នៅតែមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយ។

ទោះបីជាបទឈប់បាញ់លើកទី២ រវាងកងទ័ពកម្ពុជា និងថៃ ត្រូវបានប្រកាសឲ្យចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា បានបន្សល់ទុកនូវរបួសផ្លូវចិត្តដ៏ខ្លោចផ្សា និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនកម្ពុជាស្លូតត្រង់ជាច្រើន។

ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ទាំងនេះ ដោយបានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ជនភៀសសឹក រួមទាំងការពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់ ការផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងដែលមានសុវត្ថិភាព និងលក្ខខណ្ឌប្រសើរជាងមុន។

សម្រាប់ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានអះអាងថា កំពុងពន្លឿនការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ដើម្បីធានាសុវត្ថិភាព និងផាសុខភាពក្នុងការស្នាក់នៅ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់មុនរដូវភ្លៀងមកដល់។

ទោះយ៉ាងណា បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤០,០០០ នាក់ មានប្រមាណ ៥៥០,០០០ នាក់ ឬជិត ៨៤ ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ នៅសល់ពលរដ្ឋភៀសសឹកចំនួន ១០៤,០៩៩ នាក់ កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះមានស្ត្រី ៥៥,០៤៩ នាក់ និងកុមារ ៣៣,៦៩៦ នាក់។

ពលរដ្ឋភៀសសឹកមួយចំនួន ទោះបីបានវិលត្រឡប់ដល់ភូមិកំណើតរបស់ខ្លួនក៏ដោយ ក៏នៅត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងត្រូវបានបំផ្លាញខ្ទេចខ្ទីរលំដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពជីវិត។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…