នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
សូមជម្រាបថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ដើម្បីបម្រើដល់ការស្ថាបនា និងអភិវឌ្ឍប្រទេសជាតិ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលមានសមាសភាពមកពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀត ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ KPS99TV











