បន្ទាប់ពីទទួលបានភ្លើងខៀវ គម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរ តាមផ្លូវទឹក ទៅមករវាងកំពង់ផែកំពត និងកោះត្រល់ ត្រូវបានរំពឹងថា នឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាបន្ថែមទៀត ខណៈក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរពីប្រទេសវៀតណាម ស្ថិតនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ច្រើនជាងគេ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរវៀតណាម ឈរនៅលំដាប់លេខទី១ ដែលមានចំនួនប្រមាណ ១.២២ លាននាក់។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ការចរចាពាក់ព័ន្ធនឹងគម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរ តាមផ្លូវទឹក ទៅមករវាងកំពង់ផែកំពត និងកោះត្រល់ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ខណៈបច្ចុប្បន្ន កំពុងរង់ចាំការសម្រេចចុងក្រោយពីភាគីវៀតណាម ក្នុងការអនុញ្ញាតឱ្យកប៉ាល់វៀតណាម អាចចូលមកកម្ពុជាបាន។ លោកបានបន្ថែមថា ក្នុងខែកុម្ភៈនេះ លោកនឹងបន្តជជែកពិភាក្សាជាមួយភាគីវៀតណាម បន្ថែមទៀត។
លោកបានឲ្យដឹងបន្ថែមថា ក្នុងរយៈពេល ៥ខែចុងក្រោយនេះ ភ្ញៀវទេសចរពីប្រទេសវៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះ មិនត្រឹមតែភ្ញៀវទេសចរជនជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងកាត់ពីវៀតណាម មកកម្ពុជាក៏មានចំនួនកើនឡើងផងដែរ បន្ទាប់ពីកម្ពុជា មានភាពតានតឹងជាមួយប្រទេសថៃ។
លោកបានបញ្ជាក់ថា កាលពីមុន ការធ្វើដំណើរពីភ្នំពេញ ទៅទីក្រុងហូជីមិញ មានត្រឹមតែ ៦ជើងក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន បានពង្រីកដល់ ១៤ជើងក្នុងមួយថ្ងៃ។
ដោយឡែក ការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ តាមផ្លូវទឹក នាពេលខាងមុខនេះ ត្រូវបានរំពឹងថា នឹងជះឥទ្ធិពលជាវិជ្ជមានយ៉ាងសំខាន់ ដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាកាន់តែច្រើនថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម




