(ខេត្តព្រះវិហារ)៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៤ ខែកុម្ភៈនេះ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវមកកាន់កម្ពុជា តាមច្រកកំពុងស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត ។
ក្រោយពីមន្ត្រីជំនាញ បានពិនិត្យជាក់ស្តែង ឃើញថាការដឹកជញ្ជូនជ្រូករស់ខាងលើពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញ បាននាំយកវត្ថុតាំងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕ ដោយ៖ ចិន្តា ទីទិ





