សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេសជំនាញ និងផ្តល់ឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានលើកឡើងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើតាមលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម៕ ដោយ៖ ចិន្តា ទីទិ




