អយ្យការអមសាលាដំបូងខេត្តព្រះសីហនុសម្រេចចោទប្រកាន់ចំនួន២បទល្មើសផ្សេងគ្នាទៅលើស្ដ្រីជនជាតិខ្មែរ និងបុរសជនជាតិចិនដែលជេរប្រមាថកម្លាំងនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅខេត្តព្រះសីហនុ ដោយសារផាកពិន័យខ្លួននៅពេលបើកបរក្នុងស្ថានភាពស្រវឹង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបើកការចោទប្រកាន់លើស្រ្តីជនជាតិខ្មែរ និងបុរសជនជាតិចិនខាងលើ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តនៅចំណុចគោលដៅចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ស្ថិតនៅតាមបណ្តោយផ្លូវ ២៨មិថុនា (ផ្លូវដើមលម៉ី) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ។
ការសម្រេចចោទប្រកាន់ជនត្រូវចោទខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការបានទទួល និងពិនិត្យលើសំណុំរឿងព្រហ្មទណ្ឌនៅថ្ងៃទី០៤ ខែកុម្ភៈ ដោយផ្អែកទៅលើភស្តុតាំងពាក់ព័ន្ធនៅក្នុងសំណុំរឿង បន្ទាប់ពីសមត្ថកិច្ចជំនាញ រកឃើញតម្រុយនៃអំពើនិងសកម្មភាពរបស់ជនទាំងពីរថា «ជាបទល្មើសព្រហ្មទណ្ឌ»។ ជនត្រូវចោទទាំងពីរនាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមបញ្ញត្តិមាត្រ ៤៩៦ និងមាត្រា ៥០៤ ចំណុច១នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរតាមរយៈដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី០៥ ខែកុម្ភៈ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់រថយន្ដ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង នៅតាមបណ្តោយផ្លូវ ២៨មិថុនា (ផ្លូវដើមលម៉ី) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្នុងអំឡុងពេលអនុវត្តច្បាប់ចរាចរណ៍។ ក្នុងនោះ កម្លាំងសមត្ថកិច្ចបានពិនិត្យរកឃើញមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,៦៨mg/L។ ក្រោយមក ក៏មានស្ត្រីជនជាតិខ្មែរចំនួន២នាក់ មកកាងឱ្យបុរសជនជាតិចិននោះដោយឱ្យមន្ដ្រីនគរបាលទទួលយកប្រាក់ពិន័យចំនួនពីរលានរៀល និងឱ្យចេញវិក័យបត្រភ្លាមៗ ដើម្បីអាចយករថយន្តនិងអ្នកបើកបរត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែមន្ត្រីនគរបាលមិនព្រមអនុវត្តតាម ស្រាប់តែស្ត្រីរូបនោះ និងអ្នកបើកបររថយន្តខឹងសម្បារជាមួយនឹងសមត្ថកិច្ច ក៏ថតវីដេអូរស្រែកឡូឡា និងជេរប្រមាថមាក់ងាយទៅលើកម្លាំងសមត្ថកិច្ច ព្រមទាំងបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមតែម្តង។ ករណីនេះ សមត្ថកិច្ចជំនាញ បានរកឃើញមានតម្រុយនៃអំពើ និងសកម្មភាពរបស់អ្នកទាំងពីរថា ជាបទល្មើសព្រហ្មទណ្ឌ ដែលជាការធ្វើឡើងប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលកំពុងធ្វើសកម្មភាព ដើម្បីអនុវត្តច្បាប់ និងបញ្ជារបស់អាជ្ញាធរសាធារណៈ៕
ដោយ៖ ង៉ែត ពិសាន្ត






