ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងសុខាភិបាលណែនាំឱ្យប្រុងប្រយ័ត្ននិងប្រាប់ពីវិធីការការពារខ្លួនពីជំងឺស៊ីតាកូស៊ីស

KPS99TV

សេចក្តីសង្ខេប

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំបង្ការជំងឺស៊ីតាកូស៊ីសនៅថ្ងៃទី៦ ខែកុម្ភៈ ដោយបញ្ជាក់ថា មិនទាន់រកឃើញករណីឆ្លងលើមនុស្សនៅកម្ពុជាគិតត្រឹមពេលជូនដំណឹង និងណែនាំឱ្យអ្នកឈឺក្រោយប៉ះពាល់បក្សីទៅពិគ្រោះពេទ្យ។

មកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្សនៅឡើយទេ។ ប៉ុន្តែ ក្រសួងសុខាភិបាល ប្រាប់វិធីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis) ដែលជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ជាទូទៅបង្កជំងឺ លើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ ខណៈក្រសួង ក៏បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកុម្ភៈ បានបញ្ជាក់ថា មនុស្សអាចឆ្លងជំងឺនេះ តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ និងការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ។

បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។ ការឆ្លងមេរោគលើសត្វអាចបណ្ដាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភែ្នក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។ ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតដោយមិនបង្ហាញរោគសញ្ញ។

ប្រសិនបើសង្ស័យថា សត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាប ឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុងឱ្យបានស្អាត។

ចំពោះ រោគសញ្ញាលើមនុស្ស អាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុងករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជា រលាកខួរក្បាល ឬរលាកសាច់ដុំបេះដូងភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

របៀបបង្ការ ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬសម្អាតទ្រុង។ ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់។ រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ។ ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់ នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង បន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…