ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ប៉ែន បូណា៖ ពលរដ្ឋភៀសសឹកកម្ពុជា ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ

KPS99TV

សេចក្តីសង្ខេប

អត្ថបទរៀបរាប់ដំណើរឯកអគ្គរដ្ឋទូតអឺរ៉ុបនិងតំណាងយូនីសេហ្វទៅមណ្ឌលជនភៀសសឹក និងសំណូមពរកម្ពុជាឱ្យប្រជាពលរដ្ឋត្រឡប់ដោយសុវត្ថិភាពនិងថ្លៃថ្នូរ ព្រមទាំងកុមារចូលរៀនវិញ។

ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាននៅឡើយ ដោយសារការព័ទ្ធរបាំងលួស និងការដាក់ទូរកុងតឺន័ររារាំងការធ្វើដំណើរ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការចាប់អារម្មណ៍ពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេស ដែលបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី។

ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសេចក្តីថ្លែងការណ៍ស្តីពី «បច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ» នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញចុះទៅមណ្ឌលជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាព និងសម្តែងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកមិននៅឯកាឡើយ ហើយសហភាពអឺរ៉ុបនឹងបន្តឈរជាមួយ និងគាំទ្រពួកគេជានិច្ច។

វត្តមានរបស់បណ្តាអង្គទូតប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ អ្នកសារព័ត៌មានបរទេស និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានចុះពិនិត្យស្ថានភាពតាមតំបន់ព្រំដែន ក៏ដូចជាការរារាំងមិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅដ្ឋានវិញ បានធ្វើឱ្យសហគមន៍អន្តរជាតិទទួលបានព័ត៌មានជាក់ស្តែងអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

រាជរដ្ឋាភិបាលកម្ពុជាបានរំលឹកថា ចាប់តាំងពីការកើតមានស្ថានការណ៍តានតឹងកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ បណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ បានជួយជ្រោមជ្រែងកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ បទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សុទ្ធសឹងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។

នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនភាគីអាស៊ានអំពីបញ្ហាប្រឈមមួយចំនួនដែលនៅតែមាន ទោះបីមានការរីកចម្រើនវិជ្ជមានបន្ទាប់ពីបទឈប់បាញ់ក៏ដោយ។ ក្នុងនោះ រួមមានការរារាំងមិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាការប៉ះពាល់ដល់សិទ្ធិកុមារក្នុងការចូលរៀនវិញ។

ហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ បានបញ្ជាក់ពីការបន្តតាមដាន និងសម្របសម្រួល ដើម្បីធានាឱ្យការអនុវត្តសេចក្តីប្រកាសរួមប្រព្រឹត្តទៅដោយពេញលេញ និងមានប្រសិទ្ធភាព ហើយបានទទួលតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយអនុលោមតាមច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងឯកសារផ្លូវច្បាប់ពាក់ព័ន្ធនានា។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…