រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីជំនាញអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ WCS រកឃើញសំបុកអណ្តើកហ្លួង ២ទីតាំង មានពងសរុប ២៥គ្រាប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្ត្រីជំនាញអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួងចំនួន ២ ទីតាំង ដែលមានពងសរុប ២៥ គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះ និងតាមដានការញាស់ ដើម្បីធានាឲ្យមានអត្រាគង់វង្សខ្ពស់។

ប្រព័ន្ធព្រែកស្រែអំបិល គឺជាតំបន់ការពារ និងអភិរក្សដ៏សំខាន់បំផុតមួយនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួងរស់នៅ និងបន្តពូជ។ ដូច្នេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុង និងខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការពារប្រភេទសត្វនេះចាប់តាំងពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់ រួចលែងចូលធម្មជាតិវិញ ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ។

អណ្តើកហ្លួង ត្រូវបានចាត់ទុកជាប្រភេទឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…