ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តតាកែវបិទទីតាំងអគារ ONLINE SCAMS នៅស្រុកបាទី

KPS99TV

សេចក្តីសង្ខេប

សេចក្ដីប្រកាសថ្ងៃទី១៣ កុម្ភៈរៀបរាប់ទីតាំងប្រហែល៥ហិកតា អគារ១៣និងបន្ទប់៣៤៨ ដែលរដ្ឋាភិបាលសម្រេចប្រគល់ទៅក្រសួងមហាផ្ទៃសម្រាប់ទុកជនបរទេសមុនបណ្ដេញចេញ។

ទីតាំងអគារ ONLINE SCAMS របស់ក្រុមហ៊ុនឈ្មោះ សុភមិត្តរ៉េស៊ីដិន ឯ.ក ស្ថិតនៅផ្លូវលំ ក្នុងភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ត្រូវបានអាជ្ញាធរខេត្តតាកែវសម្រេចបិទដោយប្រគល់ទីតាំងនេះឱ្យក្រសួងមហាផ្ទៃទុកប្រើប្រាស់ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ ខែកុម្ភៈ។

ទីតាំងអគារ ONLINE SCAMS នេះ មានផ្ទៃដីចំនួន ៥ហិកតា ឃ្លាំង០១ និងអគារចំនួន ១៣ខ្នង ស្មើនឹង ៣៤៨បន្ទប់។ ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានលម្អិតអំពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងខេត្តតាកែវ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសបានប៉ុន្មាននាក់ និងបង្ក្រាបបានប៉ុន្មានអគារ ក្នុងសេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់នោះទេ។

ប៉ុន្តែសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា បច្ចុប្បន្នទីតាំងអគារ ONLINE SCAMS ខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

រដ្ឋាភិបាលបានប្រកាសហើយថា ចាត់ទុកការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជាកិច្ចការអាទិភាព ហើយចេញបញ្ជាឱ្យបោសសម្អាត ក្រុមឆបោកតាមបច្ចេកវិទ្យា ឬ Online Scams ឱ្យបានម៉ឺងម៉ាត់។ ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសឆ្លងដែលខុសច្បាប់ជាច្រើននាក់ ចូលមកធ្វើការខុសច្បាប់ ហើយក៏បានបណ្ដេញពួកគេទៅវិញ។ ថ្មីៗនេះ ក្រុមការងារជំនាញក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក៏កំពុងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងរយៈពេល៩ខែមកនេះ កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតចំនួន ២៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយ ដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺលោក ចេន ហ្ស៊ី រួមទាំងបក្ខពួកបញ្ជូនទៅប្រទេសចិន។ រដ្ឋាភិបាលកម្ពុជាបានកំណត់យកខែមេសា ឆ្នាំ២០២៦ ជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឱ្យអស់ពីប្រទេស។ ប្រសិនបើករណីប្រព្រឹត្តបទល្មើសអនឡាញបន្តកើតមាននៅរាជធានី និងខេត្តណានៅក្រោយខែមេសា មន្ត្រីគ្រប់គ្រងរាជធានី និងខេត្តនោះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាល៕

ដោយ៖ ង៉ែត ពិសាន្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…